ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិ ទាំងសេដ្ឋកិច្ច បរិស្ថាន  និងការអប់រំសីលធម៌។ 

ក្នុងពិធីថ្វាយគោរម្យ៍ងារនាមាភិធេយ្យ«អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ចំពោះសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រារព្ធនៅសាលសន្និសីទចតុមុខ  នាថ្ងៃទី១៦  ខែមិថុនា  ឆ្នាំ២០២២  សម្ដេចក្រឡាហោម ស  ខេង  បានឲ្យដឹងថា  រដ្ឋធម្មនុញ្ញកម្ពុជា បានចារឹកទុកជាប្រវត្តិសាស្ត្រថា  ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយផ្អែកលើហេតុផលនៃប្រជាពលរដ្ឋខ្មែរប្រមាណ៩០ភាគរយបានកាន់ព្រះពុទ្ធសាសនា យកពុទ្ធសាសនាជាវិថីជីវិតក្លាយជាព្រលឹងអត្តសញ្ញាណជាតិ ព្រមទាំងជាគ្រឹះ ជាឃ្លាំងនៃវប្បធម៌ខ្មែរ។

សម្ដេច បញ្ជាក់ថា «ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិ ទាំងសេដ្ឋកិច្ច បរិស្ថាន ការអប់រំសីលធម៌ ចរិយាធម៌ក្នុងសង្គមខ្មែររហូតបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់អរិយធម៌វប្បធម៌ជាតិទាំងមូល»។

សម្ដេច បានបន្ថែមថា  ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ព្រះសាសនា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ដើម្បីធានាបាននូវភាពរុងរឿង និងភាពរឹងមាំនៃវិស័យពុទ្ធចក្រឲ្យដើរទន្ទឹមវិស័យអាណាចក្រ។ 

សម្ដេច ក្រឡាហោម  បញ្ជាក់បន្ថែមថា «យើងចាំបាច់ត្រូវរួបរួមគ្នាធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងមិត្តភាពសាមគ្គីភាពជំហររឹងមាំសម្រាប់រក្សាបាននូវតម្លៃពុទ្ធសាសនា និងរិះរកគ្រប់មធ្យោបាយផ្សព្វផ្សាយព្រះបរមពុទ្ធឱវាទឱ្យបានទូលំទូលាយដល់ស្រទាប់មនុស្សគ្រប់វ័យ។ ព្រោះថាពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យចេះរស់នៅក្នុងសន្តិភាពជាមួយគ្នាទៅវិញទៅមក ឲ្យចេះគោរពជំនឿទាំងឡាយរបស់អ្នកដទៃ ឲ្យចេះគោរពស្រឡាញ់ និងផ្តល់កិត្តិយសដល់ឪពុកម្ដាយ ចាស់ទុំរៀមច្បងជាដើម»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ